ហេតុអ្វី ​បានជា​នៅតែ​មាន​អារម្មណ៍​ អស់កម្លាំង​ទៀត​ ក្រោយពេល​សម្រាក?

និយមន័យនៃពាក្យថា សម្រាកមិនមែនចាំបាច់ នៅអង្គុយមិនធ្វើការអ្វី ឬគេងសំងំស្ងៀមឱ្យលក់នោះទេ។ ក្រោយពីធ្វើការមួយថ្ងៃពេញ ប្រសិនអ្នកចង់សម្រាក ឱ្យបានច្រើន គួរតែកាត់បន្ថយពេលគេងខ្លះ ដើម្បីយកទៅធ្វើសកម្មភាព មួយចំនួនដូចជាហាត់ប្រាណ ឬអានសៀវភៅ។ ការបណ្តោយឱ្យចិត្តរបស់អ្នក នឹកគិតដោយគ្មានការគ្រប់គ្រង ជាផ្លូវឆាប់បំផុត ដែលធ្វើឱ្យអ្នកខ្សោះអស់កម្លាំង។



ទោះបីជារាងកាយរបស់អ្នក នៅស្ងៀមមួយកន្លែងមែន ប៉ុន្តែចិត្តរបស់អ្នកមិនព្រមនៅស្ងៀមទេ។ ការសម្រាកជាសកម្មភាពផ្លូវចិត្ត មិនមែនគ្រាន់តែជាការ នៅស្ងៀមរបស់រាងកាយទេ។ ការមើលទូរទស្សន៍ ការលេងអ៊ីនថឺណិត ឬមើលបណ្តាញសង្គម មិនមែនជាការសម្រាកទេ ផ្ទុយទៅវិញវាជាការធ្វើឱ្យ អ្នកកាន់តែខ្សោះអស់កម្លាំង ជាងមុនថែមទៀត។ ខួរក្បាលរបស់អ្នក មិនត្រឹមតែមានតួនាទីរៀបចំ ពត៌មាននិងទិន្នន័យ ដែលអ្នកស្រួបចូលគ្រប់ពេល ដែលអ្នកមិនទាន់គេងនោះទេ វាក៏ជួយរៀបចំនិងលើកទឹកចិត្តអ្នក ឱ្យប្រតិកម្មតបទៅសង្គមវិញដែរ។ ការពិតដ៏សំខាន់មួយទៀតគឺថា មនុស្សយើងត្រូវការរឿងរ៉ាវខ្លះ ឱ្យខួរក្បាលផ្តោតលើ ដើម្បីជួយឱ្យវាអាចសម្រាកបានពិតប្រាកដ។ ខួរក្បាលត្រូវការគោលដៅ។ សាកគិតដល់សកម្មភាពដែលមិនសូវត្រូវការការយកចិត្តទុកដាក់ដូចជាងូតទឹកជាដើម។ មនុស្សភាគច្រើនគិតដល់រឿងផ្សេងៗក្នុងពេលកំពុងតែងូតទឹក ហើយចិត្តរបស់អ្នកក៏រវល់ជាប់ជានិច្ចដែលធ្វើអ្នកកាន់តែអស់កម្លាំងល្ហិតល្ហៃ។

តើអ្វីទៅជាការសម្រាកពិតប្រាកដ? ការសម្រាកជាសកម្មភាព វាមិនមែនជាការមិនធ្វើអ្វីសោះនោះទេ។ គន្លឹះទាំងពីរខាងក្រោមនេះ ជាវិធីដាស់ឱ្យខួរក្បាលរបស់អ្នកបានសម្រាកយ៉ាងត្រឹមត្រូវ​៖

១/ ផ្លាស់ប្តូរកិច្ចការដែលមានលក្ខណៈផ្ទុយគ្នាទាំងស្រុង

ប្រសិនបើអ្នកធ្វើការ លើកុំព្យូទ័រពីរបីម៉ោងជាប់គ្នា អ្នកគួរតែប្តូរទៅធ្វើការអ្វីផ្សេង ដែលទាក់ទងនឹងសកម្មភាព​រាងកាយច្រើន ឬដើរលេង ឬក៏រត់លេង។ ប្រសិនបើអ្នកធ្វើការ លើគម្រោងបច្ចេកទេស ឬគម្រោងលម្អិតអ្វីមួយ ដែលត្រូវការយកចិត្តទុកដាក់ខ្លាំង អ្នកគួរតែប្តូរទៅធ្វើកិច្ចការ ដែលតម្រូវឱ្យមានការគិតច្នៃប្រឌិត តិចបំផុត។ ក្រោយពីចូលរួមប្រជុំ ឬធ្វើបទបង្ហាញពេញមួយថ្ងៃ អ្នកគួរតែប្តូរទៅធ្វើកិច្ចការ ដែលស្ងប់ស្ងាត់តែម្នាក់ឯង ដូចជាការអានសៀវភៅ ឬរៀបចំអាហារ។

២/ ហាត់ប្រាណខ្លះៗ

ការហាត់ប្រាណគឺជាការព្យាបាល។ ការហាត់ប្រាណតែបន្តិចបន្តួច អាចជួយកាត់បន្ថយអារម្មណ៍តានតឹង បង្កើនផលិតភាព ធ្វើឱ្យសុខភាពល្អ និងជួយឱ្យរស់បានយូរ។ ការសិក្សាស្រាវជ្រាវបង្ហាញថា ការហាត់ប្រាណតែបន្តិចបន្តូច ហើយទៀងទាត់ជាវិធីព្យាបាលល្អបំផុត ចំពោះបញ្ហាដែលបណ្តាលមកពី ការខ្សោះអស់កម្លាំង។ ការហាត់ប្រាណកាន់តែមានភាពចាំបាច់ខ្លាំង សម្រាប់អ្នកដែលធ្វើការអង្គុយច្រើន នៅក្នុងការិយាល័យ ព្រោះវាជួយឱ្យរាងកាយ និងចិត្តរបស់អ្នកសម្រាកបាន​ពិតប្រាកដ។ ដើម្បីសម្រាកនិងទទួលបានអារម្មណ៍ ស្រស់ថ្លា អ្នកត្រូវតែផ្តល់ឱ្យរាងកាយនិងចិត្ត តាមអ្វីដែលវាត្រូវការពិតប្រាកដ។

Previous
Next Post »